រលកយក្សស៊ូណាមិ

6 12 2007

    រលកយក្សស៊ូណាមិ​

ព្រះទិនកររះ             មេឃភ្លឺស្រឡះ​           មនុស្សម្នាជួបជុំ

ដើរលំហែកាយ         សប្បាយសុខុម          កំលោះក្រមុំ

                          ក្មេងចាស់ព្រោងព្រាត។

ទេសចរទាំងឡាយ       គយគន់ជិតឆ្ងាយ       នៅអស់ធម្មជាតិ

នាមាត់សមុទ្រ           ឥតចង់ចាកឃ្លាត       ម្តងហើយម្តងទៀត

                              ពុំឆ្អែតហទ័យ។

មិនគួរចៃដន្យ             ជួបគ្រោះអាសន្ន       ​​បង្កទុក្ខភ័យ

នាម​​Tsunami​(១​​)         ​​ រលកចង្រៃ              ដេញតាមប្រល័យ

                               ឲ្យក្ស័យជីវ៉ា។

ឲ្យអ្នករាល់គ្នា              រងទុក្ខវេទនា            ស្លាប់បង់អសារ

ព្រាត់ប្រាស់និរាស        វិនាសខ្លោចផ្សា         គួរឲ្យអនិច្ចា

                               សង្ខារស្ទើរសូន្យ។

ខូចខាតសម្បត្តិ            សំបែងបង់ខ្ចាត់          បាត់ប្រពន្ធកូន

ទីធ្លាប់ជួបជុំ                 ជំនុំបងប្អូន                ឥឡូវដូចក្បូន

                             សណ្តូនឥតត្រើយ។

នឹកសែនស្រណោះ       ព្យុះបំផ្លាញអស់          គ្មានសល់អ្វីឡើយ

ទីដែលប្រពៃ                 និយាយឆ្លងឆ្លើយ       ខ្ទេចខ្ទីអស់ហើយ

​​​​​​​​​                               ដោយសារសង្ឃរា។

អ្នកមានជីវិត                នឹកឡើងខ្លោចចិត្ត        ឪរាគ្រាំគ្រា

អស់ភាពកក់ក្តៅ            រស់នៅវេទនា             ហេតុអ្វីកម្មពៀរ

                                  ធ្លាក់លើរូបខ្លួន។

អុះឪ!ធម្មជាតិ!               ឲ្យម្តាយកូនឃ្លាត       លែងបានជួបជួន

លែងបានយល់មុខ         សុខទុក្ខភ័ក្រ្តស្ងួន       បាត់រូបនឹមនួន

                                   តើកូនទៅណា?

ឲ្យម្តាយរងកម្ម                ទោះទ្រូងប្រះស្រាំ      ក្សិណក្ស័យមរណា

ឲ្យតែជួបកូន                   រូបស្ងួនបុត្រភ្ញា          តើដល់ពេលណា

                                 ទើបបានជួបវិញ។

កូនតាមរកម្តាយ             យំស្រែកនឹកស្តាយ     ទួញសោកទោម្នេញ

មិនគួរកម្មពៀរ               ផ្តន់ទាររមេញ             កូនមាសសម្លាញ់

                              ម្តាយសែនអាណិត។

ឪពុកក៍បាត់                  ដូចរូងប្រម៉ាត់              បេះដូងថ្លើមចិត្ត

មិនគួរវាសនា                ចារមកកំរិត                ពង្រាត់ញាតិមិត្ត

                                  ឲ្យបង់រូបា។

ជីវិតសត្វលោក              បង្កើតរូបមក               ក្នុងវត្តសង្សារ

ជួនបានយល់សុខ          ជួនជួបទុក្ខា                 នេះហើយអនិច្ចា

                              សង្ខារមិនទៀង។

និពន្ធដោយ: ញ៉េប​​​​​ វណ្ណះ

កាលបរិច្ឆេតតាក់តែង:​​​ថ្ងៃ១១​​ខែ០១ឆ្នាំ២០០៥

(១):Tsunami=








តាមដាន

Get every new post delivered to your Inbox.